Return to site

វិធីដោះស្រាយអារម្មណ៏តានតឹងកំឡុងពេលខូវីដ១៩

· Resource,Khmer

ក្នុងស្ថានភាពដ៏ពិបាកនាពេលបច្ចប្បន្ននេះ​ យើងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនដែលបណ្តាលអោយមានជំងឺថប់បារម្មណ៍ (ស្រ្តេស ) និង​រងសម្ពាធជាច្រើន​ដែលពេលខ្លះពិតជាធ្វើអោយមានអារម្មណ៏ពិបាក។

យើងប្រហែលជាមិនទម្លាប់នឹងអារម្មណ៏ទាំងអស់នោះ ដែលមានឥទ្ធិពលលើការងារប្រចាំថ្ងៃហើយបណ្តាលអោយយើងមិនអាចដោះស្រាយកិច្ចការនានាបានល្អដូចធម្មតានោះទេ។ ក្រៅពីបញ្ហាជំងឺឆ្លងរាតត្បាតនេះ​ យើងពិតជាមិនចង់អោយមានបញ្ហាផ្នែកសុខុមាលភាព ផ្លូវចិត្ត និងបញ្ហា អារម្មណ៏ទៀតនោះឡើយ។

ធ្វើម៉េចកុំស្មុគខួរដោយសារកូវីដ

១.​ មានចិត្តមេត្តាចំពោះខ្លួនឯង

កុំរិះគន់ខ្លួនឯងនៅពេលដែលយើងមានអារម្មណ៏ពិបាកទាំងអស់នោះ ព្រោះវាជារឿងធម្មតាដែលយើងមានអារម្មណ៏មិនសប្បាយចិត្ត កើតទុក្ខ ខឹង ភ័យខ្លាច ច្រណែន និងរវើរវាយ។ល។

តាមពិត វាមានហេតុផលនៅពីក្រោយអារម្មណ៏ទាំងអស់នោះ។ តែទោះជាយ៉ាងណាក៏ដោយ យើងមិនអាចគ្រប់គ្រងអារម្មណ៏របស់យើងបានទាំងស្រុងនោះទេ យើងនៅតែមានអារម្មណ៏បែបណាមួយពីព្រោះយើងជាមនុស្ស។ បើយើងបដិសេធមិនទទួលអារម្មណ៏ទាំងអស់នោះ វាហាក់ដូចជាយើងបដិសេធមិនទទួលស្គាល់ថាខ្លួនឯងជាមនុស្សអ៊ីចឹងដែរ។​ ការវាយតម្លៃខ្លួនឯងនៅពេលដែលយើងមានអារម្មណ៏អ្វីមួយកាន់តែធ្វើអោយស្ថានភាពអាក្រក់សម្រាប់យើង។

២.​ កំណត់អារម្មណ៏ខ្លួនឯង

ជាជាងគ្រាន់តែ និយាយថាអ្នកមានអារម្មណ៏ សប្បាយចិត្ត សោកសៅ ភ័យខ្លាច ឫខឹង យើងអាចបង្ហាញអោយកាន់តែច្បាស់ជាងនេះបាន។ ឧទាហរណ៏ ៖ អារម្មណ៏ខឹងរបស់អ្នកអាចជា ការខកចិត្ត ឫ​ការមិនទទួលបានការគោរព។​

អ្នកអាចស្វែងរក អត្ថបទដែលមានអត្ថប្រយោជន៏ជាច្រើននៅលើអ៊ីនធើណែត អំពីកម្រងអារម្មណ៏របស់មនុស្ស “emotion wheel”។ ដំបូង វាប្រហែលជាពិបាកបន្តិចក្នុងការស្វែងយល់អារម្មណ៏ខ្លួនឯង ប៉ុន្តែការអនុវត្តនឹងជួយអោយកាន់តែងាយស្រួល។

៣. សង្កេតអារម្មណ៏ខ្លួនឯង

គួរតែមានការស្វះស្វែងចង់យល់ពីអារម្មណ៏ខ្លួនឯង ហើយសួរខ្លួនឯងថា​ តើអ្នកមានអារម្មណ៏នោះនៅក្នុងខ្លួនត្រង់កន្លែងណា? ដើម្បីអោយកាន់តែងាយស្រួល អ្នកអាចព្យាយាមស្រមៃ​​ ដោយសួរខ្លួនឯងថា តើវាមានរូបរាងបែបណា មាន​ពណ៍អ្វី មានសីតុណ្ហភាពអ្វី ហើយព្យាយាមប្រាប់អ្វីមកដល់អ្នក?

ការសង្កេតអារម្មណ៏ខ្លួនឯងបែបនេះ​ អាចជួយអោយអ្នកបែងចែកអារម្មណ៏ទាំងអស់នោះ ពីអត្តសញ្ញាណរបស់អ្នក ហើយនឹងធ្វើអោយអ្នកមិនសូវមានអារម្មណ៏តានតឹងខ្លាំង។

៤. នៅជាមួយអារម្មណ៏នេះ

បន្ទាប់ពីអ្នកអោយឈ្មោះ និងសង្កេតអារម្មណ៏ទាំងអស់នោះហើយ​ អ្នកអាចស្ថិតនៅជាមួយអារម្មណ៏នោះ។ ទទួលយកអារម្មណ៏ទាំងនោះដោយមិនរិះគន់ខ្លួនឯង។​ យើងអាចដឹងពីបទពិសោធន៏ផ្ទាល់ខ្លួនហើយថាយើងមិនអាចកប់អារម្មណ៏ខ្លួនឯងបាននោះទេ។ បើសិនជាយើងមិនព្រមទទួលអារម្មណ៏ទាំងនោះ វានឹងមកគ្រប់គ្រងយើងវិញមិនខាន។

នៅពេលដែលអ្នកអោយខ្លួនឯងទទួលអារម្មណ៏ទាំងអស់នោះហើយ ជំហានបន្ទាប់គឺសួរខ្លួនឯងថា តើអ្នកចង់ធ្វើអ្វីនៅពេលនេះ? តើអ្នកចង់អោយវាក្លាយជាបែបណា? ហើយប្រញ៉ាប់ទៅធ្វើរឿងនោះទៅ។

៥. ប្រសិនបើអ្នកមានអារម្មណ៏ភ័យ ឫព្រួយបារម្ភ ត្រូវតែទាញខ្លួនឯងអោយមកបច្ចុប្បន្នកាលវិញ

អារម្មណ៏ភ័យព្រួយបារម្ភរបស់យើងភាគច្រើន គឺមកពីការព្រួយបារម្ភអំពីអនាគត​កាល ឫអតីតកាល ហើយពិតណាស់ភាគច្រើនអារម្មណ៏ទាំងនេះ គឺមិនសូវជាមានអត្ថប្រយោជន៏នោះទេ។

វិធីមួយគឺ ផ្តោតអារម្មណ៏ទៅលើខ្យល់ដង្ហើមចេញចូល ហើយសង្កេតមើលការដកដង្ហើមរបស់ខ្លួនអ្នក។ នេះជាវិធីសាមញ្ញមួយ។ ផ្តោតអារម្មណ៏ទៅលើដងខ្លួនទាំងមូលដោយចាប់ផ្តើមពីក្បាលដល់ចុងជើង ដោយសង្កេតមើលថាតើផ្នែកនីមួយៗនៃរាងកាយកំពុងមានអារម្មណ៏បែបណា។ គ្រាន់តែសង្កេតគឺបានហើយ មិនចាំបាច់គិតអ្វីទៀតនោះទេ។

៦. ប្រសិនបើមានភាពលំបាកក្នុងការអនុវត្តដោយខ្លួនឯង អ្នកអាចស្វែងរកអ្នកជំនាញដើម្បីជួយអ្នកបាន

កំឡុងពេលនេះ មានមនុស្សជាច្រើនដែលផ្តល់ជាជំនួយនិងការគាំទ្រដោយឥតគិតថ្លៃ ឫក្នុងតម្លៃទាប ដើម្បីជួយដល់អ្នកដែលត្រូវការក្នុងគ្រាលំបាកនេះ។

ព្យាយាមកាត់បន្ថយកត្តាប៉ះពាល់

ជំហានទីមួយគឺយើងបានស្វែងយល់ពីដំណោះស្រាយអារម្មណ៏តានតឹងដែលយើងជួបប្រទះរួចហើយ។ យើងដឹងថា​យើងមិនគួរគេចវេសពីអារម្មណ៏ទាំងអស់នោះទេ ប៉ុន្តែមិនមានន័យថាយើងគួរបណ្តោយអោយខ្លួនយើងនៅជុំវិញមនុស្ស ដែលធ្វើអោយយើងខឹង ឫភ័យខ្លាចរហូតនោះដែរ។

ខាងក្រោមនេះ យើងនឹងនិយាយអំពីវិធីក្នុងការ កាត់បន្ថយភាពអវិជ្ជមានពីមជ្ឈដ្ឋានខាងក្រៅ អំលុងពេលស្ថានភាពដ៏ពិបាកនេះ ពីព្រោះ​មិនថាយើងមានស្មារតីនឹងនរប៉ុនណាក៏ដោយ ជិវិតនឹងលំបាកបើសិនជាយើងទទួលភាពអវិជ្ជមានពីខាងក្រៅច្រើន។

កំណត់ចំណាំ ៖ ទាំងអស់នេះជាដំណោះស្រាយទូទៅប៉ុណ្ណោះ។ អ្នកគប្បីសួរខ្លួនឯងថា តើអ្នកចង់បង្កើតជីវិតនៅជុំវិញខ្លួនបែបណា? តើមជ្ឈដ្ឋាននៅជុំវិញខ្លួនបែបណាដែលជួយអោយអ្នកមានសុខមាលភាពផ្លូវកាយនិងផ្លូវចិត្ត ដើម្បីឆ្លងកាត់កំឡុងពេលនេះ?

១. កំណត់ការប្រើប្រាស់ពេលវេលាលើបណ្ដាញសង្គម

ពិតណាស់ថាវាជារឿងល្អ ក្នុងការទទួលបានព័ត៌មាន​ តែត្រូវឧស្សាហ៏សួរខ្លួនឯងថា តើព័ត៌មាននោះអាចជួយអ្នក និងអ្នកនៅជុំវិញខ្លួនបានកម្រិតណា។

២. រៀបចំទំនាក់ទំនងក្នុងបណ្តាញសង្គមអ្នក

បើមានមិត្ត​ដែលបង្ហោះព័ត៌មានដែលមានលក្ខណៈរើសអើង បង្ហោះព័ត៌មានមិនល្អ មិនពិត ព័ត៌មានបំផុសបំផុល អ្នកគួរតែUnfollow ពួកគេចោលទៅ។

ផ្ទុយទៅវិញ អ្នកគួរតែជំនួសដោយ​ទំនាក់ទំនងមិត្តភក្តិដែលអ្នកអាចទុកចិត្តបាន ហើយចូលរួមចែករំលែកដំបូន្មានដែលមានប្រយោជន៍ រឿងរាវល្អៗអំពីអ្នកដែលដែលចេះជួយគ្នាទៅវិញទៅមកក្នុងស្ថានភាពនេះ។

៣. តាមដានព័ត៌មាន

តាមដានការណែនាំអំពីសុខភាពពីប្រភពច្បាស់លាស់ និងដែលគួរអោយទុកចិត្ត ដូចជាអង្គការពិភពលោក។ អនុវត្ត​ទំលាប់ល្អៗដែលទទួលបានពី ព័ត៌មានទាំងនោះដូចជា ការលាងដៃ ភាពមានអនាម័យ និងទំលាប់នៅអោយឆ្ងាយពីគ្នា។

៤. បង្កើតរបៀបដែលជួយដល់សុខមាលភាពផ្លូវចិត្តអ្នក

ស្វែងរកវិធីដែលធ្វើខ្លួនឯងមានភាពសកម្ម។ ចូលគេង អោយបានទៀងទាត់។ បរិភោគអាហារដែលធ្វើអោយមានសុខភាពល្អអោយបានទៀតទាត់។ គេងអោយបានគ្រប់គ្រាន់។

៥. បង្កើតទម្លាប់ប្រចាំថ្ងៃ

អ្នកជំនាញតែងតែនិយាយអំពីភាពគ្រោះថ្នាក់នៃការអស់កម្លាំងចិត្ត កម្លាំងកាយពេលនៅផ្ទះ ដោយសារតែហត់ក្នុងការសម្រេចចិត្ត។​ មានរឿងជាច្រើនដែលយើងត្រូវសម្រេចចិត្តដែលយើងមិនធ្លាប់បានធ្វើពីមុនមក។ ឧទាហរណ៏៖ តើខ្ញុំគួរទៅទិញឥវ៉ាន់ ដោយវិធីទំនួលខុសត្រូវ និងធានាសុវត្ថិភាពបែបណា? តើគួរទិញម្ហូបទុកបន្ថែមប៉ុន្មាន?​ ពេលនេះខ្ញុំគួរតែធ្វើអ្វីល្អ?

ត្រូវចងចាំថារឿងទាំងនេះគង់តែដោះស្រាយបាន ហើយត្រូវមានចិត្តមេត្តាចំពោះខ្លួនឯង។

៦. ទូរស័ព្ទទៅរកមិត្តល្អដែលអាចជួយលើកទឹកចិត្តអ្នកហើយធ្វើអោយអ្នកមានអារម្មណ៏ល្អ

៧. ផ្តោតអារម្មណ៏ទៅលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន

យើងតែងតែចង់ជួយអ្នកដទៃក្នុងគ្រាលំបាក តែយើងមិនអាចជួយគ្រប់គ្នាបាននោះទេ។ តើមានរឿងអ្វីខ្លះដែលយើងអាចជួយបាន?

ដើម្បីឆ្លើយតបទៅនឹងជំងឺរាលដាលខូវីដ១៩នេះ យើងអាចចាប់ផ្តើមការរាលដាលនៃអំពើល្អដោយចេញពីចិត្តរបស់យើងម្នាក់ៗ តាមការធ្វើអំពីល្អបន្តិចបន្តួចដែលយើងអាចធ្វើបាន។ យើងមិនចាំបាច់ដោះស្រាយគ្រប់បញ្ហាដែលកើតមានឡើងដោយខ្លួនឯងនោះទេ។

៨. ល្អចំពោះខ្លួនឯង

អ្នកមិនចាំបាច់ត្រូវតែរៀនវគ្គអនឡាញ និងមិនចាំបាច់ត្រូវតែអានបញ្ចប់សៀវភៅមួយនោះទេ។ អ្នកមិនចាំបាច់ត្រូវតែធ្វើគ្រប់យ៉ាងអោយល្អឥតខ្ចោះក្នុងពេលនេះទេ។

៩. កម្ចាត់ពាក្យ “គួរតែ” ឫ “ត្រូវតែ” ចេញពីពាក្យរបស់អ្នក

សួរខ្លួនឯងថា ចង់បានអ្វី នៅពេលដែលអ្នកមានស្មារតីឆ្លាតវៃនិង នៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពល្អបំផុត។

ឧទាហរណ៏៖ ខ្ញុំចង់ទៅហាត់ប្រាណ ប៉ុន្តែខ្ញុំចង់អោយមនុស្សជុំវិញខ្លួនខ្ញុំមានសុវត្ថិភាពជាង ជាពិសេសមិត្តខ្ញុំដែលមានជំងឺ ហឺតនិងអ្នកដទៃទៀតដែលងាយរងគ្រោះនៅក្នុងសង្គម។ ដូច្នេះហើយ ខ្ញុំសុខចិត្តដើរហាត់ប្រាណបនិ្តចនៅជុំវិញវិមានឯករាជ្យវិញ នៅពេលដែលមិនសូវមានមនុស្សច្រើន​ ហើយហាត់ប្រាណដោយខ្លួនឯងបន្ថែមនៅផ្ទះពេលយប់។

ពាក្យចុងក្រោយ

សរុបសេចក្ដីមក ​គឺត្រូវល្អចំពោះខ្លួនឯង ហើយទទួលយកអារម្មណ៏ដែលកើតមាន។​ នៅជុំវិញមនុស្សនិងរបស់ដែលអ្នកត្រូវការ​។ ត្រូវជឿជាក់ខ្លួនឯងថាអ្នកដឹងអ្វីដែលអ្នកត្រូវការ នៅពេលដែលអ្នកសួរខ្លួនឯង។ ស្តាប់រាងកាយរបស់ខ្លួនឯង។ គេងនិងទទួលទានអាហារអោយបានគ្រប់គ្រាន់។

Credit:
Translation: Sovannady Chea and Sokunliny Kong